ថ្នាំប្រឆាំងវីរុស Remdesivir ជាថ្នាំដំបូងគេមួយ ដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយមានសមត្ថភាពអាចជួយអ្នកជំងឺកូវីដ១៩ឱ្យឆាប់បានធូរស្បើយពីជំងឺ។ តែបើតាមការសិក្សារបស់អង្គការសុខភាពពិភពលោកថ្នាំ Remdesivir មានប្រសិទ្ធភាពតិច ឬមិនអាចទប់ស្កាត់បានសោះតែម្តងគ្រោះមរណៈដោយជំងឺកូវីដ១៩។
Remdesivir ជាផលិតផលរបស់មន្ទីរពិសោធន៍ឱសថអាមេរិក Gilead ដែលកាលពីឆ្នាំទៅ បានចុះហត្ថលេខាផ្តល់សិទ្ធិឱ្យឥណ្ឌា ប៉ាគីស្ថាន និងអេហ្ស៊ីប ជួយផលិតសម្រាប់យកទៅលក់និងចែកចាយព្យាបាលជំងឺកូវីដ១៩ ក្នុងប្រទេសក្រីក្រ មានចំណូលទាប ចំនួន ១២៧ប្រទេស។ មានក្រុមហ៊ុនឱសថឥណ្ឌាចំនួន៧ បានទទួលសិទ្ធិនេះ និងផលិតថ្នាំនេះបានចំនួនដល់ទៅ ជាង៣,៨៨លានដូសក្នុងមួយខែៗ។
ប៉ុន្តែពេលនេះឥណ្ឌាកំពុងប្រឈមនឹងសន្ទុះចម្លងថ្មីយ៉ាងខ្លាំង និងជាគំហុក តាំងពីប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ និងមានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោង នាថ្ងៃអាទិត្យម្សិលមិញចំនួនដល់ទៅ ១៥២០០០នាក់។ កំណើនអ្នកឆ្លងថ្មីអាចនឹងកើនឡើងខ្លាំងថែមទៅនៅប៉ុន្មានថ្ងៃខាងមុខ ដូច្នេះសេចក្តីត្រូវការថ្នាំ ព្យាបាល ក៏កើនឡើងជាគំហុកដែរ។ ខេត្តក្រុងដែលបានចាត់វិធានការបិទខ្ទប់ក្រុងតែពេលចុងសប្តាហ៍ គ្រោងនឹងបិទខេត្តក្រុងរបស់ខ្លួនទាំងស្រុងតែម្តង។ រដ្ឋធានីញូដេលីដែលតែងបដិសេធរហូតការបិទខ្ទប់ក្រុង ក៏ទំនងជាត្រូវប្តូរចិត្តដែរ ព្រោះមន្ទីរពេទ្យជិតអស់គ្រែទទួលអ្នកជំងឺហើយ ហើយអ្នកឆ្លងថ្មីភាគច្រើន (៦៥%) ជាអ្នកជំងឺវ័យក្មេងក្រោម៤៥ឆ្នាំ។
ហេតុដូច្នេះហើយបានជាអាជ្ញាធរឥណ្ឌាត្រូវតែសម្រេចចិត្តហាមមិនឱ្យនាំថ្នាំRemdesivir ទៅបរទេសមួយរយៈសិន រហូតណាតែស្ថានភាពបានប្រសើរឡើងវិញ។ ឥណ្ឌាក៏បានសម្រេចចិត្តកាត់បន្ថយការនាំចេញថ្នាំវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដែរ ព្រោះអស់ថ្នាំបង្ការចាប់អស់ពីស្តុក៕
មតិយោបល់