ទោះបីជាទីភ្នាក់ងារឱសថអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានបញ្ជាក់អំពីប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់AstraZeneca យ៉ាងណាក៏ដោយ ក៏ដាណឺម៉ាកមិនបន្តប្រើថ្នាំវ៉ាក់សាំងនេះទៀតដែរ។ យុទ្ធនាការចាក់ថ្នាំបង្ការAstraZeneca ជូនប្រជាពលរដ្ឋនៅដាណឺម៉ាកត្រូវបញ្ឈប់ទាំងស្រុង។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដាណឺម៉ាក នៅថ្ងៃពុធទី ១៤មេសា ដោយបានបញ្ជាក់ថា អ្នកបានទទួលថ្នាំវ៉ាក់សាំង AstraZeneca ទាំង១៥០០០០០នាក់ ចំនួនមួយដូសហើយនឹងត្រូវទទួលថ្នាំវ៉ាក់សាំងប្រភេទផ្សេងសម្រាប់ដូសទីពីរ។
ជាប្រទេសដំបូងគេដែលប្រកាសផ្អាកការចាក់វ៉ាក់សាំងកាលពីថ្ងៃទី ១១មីនា ដោយហេតុរកឃើញមានករណីកើតដុំកំណកឈាមក្នុងសរសៃវែនចំនួនពីរករណីធ្ងន់ធ្ងរ ក្នុងនោះម្នាក់បានស្លាប់មក ដាណឺម៉ាកពេលនេះបានក្លាយជាប្រទេសទីមួយលែងប្រើថ្នាំAstraZeneca។ ចំណែកប្រទេសន័រវែសជិតខាង បន្តតាមដានអង្កេតបន្ថែមទៀត ជុំវិញផលរំខានរបស់វ៉ាក់សាំងAstraZeneca។
កាលពីថ្ងៃទី ៨មេសា ទីភ្នាក់ងារឱសថអឺរ៉ុបបានបញ្ជាក់អំពីចំណងទាក់ទងរវាងថ្នាំបង្ការAstraZeneca និងបញ្ហាដុំកំណកឈាម ប៉ុន្តែថាជាផលរំខានដ៏កម្របំផុត ឯផលល្អរបស់ថ្នាំមានធំធេងខ្លាំង។ សហរដ្ឋអាមេរិក ឬស្វីស និងអាហ្វ្រិកខាងត្បូង ព្រមទាំងបណ្តាប្រទេសនៅអឺរ៉ុបភាគច្រើន នៅតែបន្តអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងAstraZenecaដដែល។ ហើយបារាំង តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាល បានថែមបញ្ជាក់ជាថ្មីនៅថ្ងៃពុធទី ១៤នេះទៀតថា វ៉ាក់សាំងAstraZeneca មានប្រសិទ្ធភាពខ្ពស់ការពារបានល្អមិនឱ្យធ្លាក់ខ្លួនឈឺកូវីដធ្ងន់ធ្ងរ។
ដោយឡែក ថ្នាំបង្ការរបស់ក្រុមហ៊ុនJohnson&Johnson ដែលប្រើបច្ចេកវិទ្យាដូចAstraZeneca ហើយសង្កេតឃើញមានបញ្ហាដូចAstraZeneca ដែរ និងដែលអាជ្ញាធរអាមេរិកបានសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយសន្យាផ្តល់សេចក្តីសម្រេចថ្មីនៅសប្តាហ៍ក្រោយ នៅតែបានទទួលការគាំទ្រ ឱ្យប្រើប្រាស់ដូចAstraZeneca នៅអឺរ៉ុប។ បារាំង នឹងចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ៥៥ឆ្នាំឡើងទៅដូចការគ្រោងទុក។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលបារាំង៕
មតិយោបល់