ព័ត៌មានជាតិ

សកម្មភាពការងារ មុខរបរ អាជីវកម្ម អាចត្រូវបានអនុញ្ញាត អំឡុងពេលបិទខ្ទប់ភ្នំពេញនិងតាខ្មៅមានរយ:ពេល១៤ថ្ងៃ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសមួយស្ដីអំពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចំនួន១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីប្រកាសនៃប្រការទីបី ក៏បញ្ជាក់ជូនករណីចាំបាច់ខ្លះ ដែលជាលើកលែង ឱ្យដំណើរផងដែរ។

យោងទៅតាមសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ប៉ុន្តែ សកម្មភាពការងារ មុខរបរ អាជីវកម្ម អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ដូចខាងក្រោម៖

  • សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រធានស្ថាប័នសមី ត្រូវកាត់បន្ថយចំនួនអ្នកធ្វើការឱ្យមកត្រឹមកម្រិតអប្បបរមា ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ប្រធានស្ថាប័នអាចសម្រេចផ្អាកការងារដែលមិនចាំបាច់បណ្ដោះអាសន្ន តាមការជាក់ស្ដែង
  • រោងចក្រ សហគ្រាស សប្បកម្ម ឬទីកន្លែងផលិតម្ហូអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ
  • សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗជាអាទិ៍ សេវាពន្លត់អាគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល ឬដឹកជញ្ជូនសម្រាមសំណល់រឹងជាដើម
  • រាល់សកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលជាដំណើរការតាមប្រព័ន្ធអនឡាញ
  • ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមានសណ្ដាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន អាហារដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ស្ថានីប្រេងឥន្ធនៈ-ហ្គាស ឬទាំងតាំងផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងៗទៀតដោយមានការអនុញ្ញាតពីអជ្ញាធរមានសមត្ថកិច្ច
  • ការផ្គត់ផ្គងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាលនិងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហរិញ្ញវត្ថុ និងសេវាដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកត្រឹមកម្រិតអប្បបរមា
  • សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់
  • សេវាកម្មដឹកជញ្ជួនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបិទខ្ទប់
  • សេវាដឹកទំនិញទូទៅចេញចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលតែត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យវិស័យសង្គម សេដ្ឋកិច្ចនៃប្រទេស និង
  • សកម្មភាពការងារ មុខរបរ ឬអាជិវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តិវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងត្រូវប្រកាន់ភ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

មតិយោបល់