(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារ និងពន្យល់ពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនមានហេតុផលដើម្បីបន្តស្ថិតនៅក្នុងប្រទេសមួយនេះទៀតទេ។
«យើងបានចូលទៅកាន់អាហ្វហ្គានីស្ថានដើម្បីតាមប្រមាញ់ Osama bin Laden។ បេសកកម្មនេះត្រូវបានបញ្ចប់ដោយជោគជ័យ ហើយអាហ្វហ្គានីស្ថាន ក៏លែងក្លាយជាឋានសួគ៌របស់ភេរវករដែរ…ដូច្នេះគ្មានហេតុផលអាចពន្យល់បានថាហេតុអ្វីបានជាយើងត្រូវបន្តស្ថិតនៅទីនោះក្នុងឆ្នាំ២០២១នេះទេ»។ នេះជាការ គូសបញ្ជាក់របស់លោក ចូ បៃដិន នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ចេញពី Treaty Room នៃសេតវិមានជាទីដែល អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ប្រកាសសង្គ្រាមលើអាហ្វហ្គានីស្ថាន នៅថ្ងៃពុធសប្ដាហ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន)។
សហរដ្ឋអាមេរិកបានចូលឈ្លានពានអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០០១ ក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា លើអគារពាណិជ្ជកម្មពិភពលោក World Trade Center និងមន្ទីរបញ្ចកោណ ដោយចោទថារដ្ឋាភិបាលតាលីបង់នៅពេលនោះ លាក់បំពួនមេអាល់កៃដា Osama bin Laden៕
Reuters៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
មតិយោបល់