(ប៊ែរឡាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល (Angela Merkel) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ដកកងទ័ពចេញពីព្រំដែនប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងក្នុងតំបន់។

រុស្ស៊ី និងអ៊ុយក្រែនបានធ្វើសមយុទ្ធយោធាដំណាលគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈរដ្ឋមន្រ្តីក្រសួងការបរទេស និងការពារជាតិនៃបណ្ដាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បានចាប់ផ្តើមកិច្ចពិភាក្សាជាបន្ទាន់ ស្តីពីការពង្រាយកងទ័ពរុស្ស៊ី នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកស្រី មើគែល និងលោក បៃដិន បានពិភាក្សាអំពីការវិវឌ្ឍន៍ស្ថានការណ៍ថ្មីៗ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យប្រទេសរុស្ស៊ី ចៀសវាងការបង្កើនកងទ័ពបន្ថែមទៀត ដើម្បីកាត់បន្ថយស្ថានការណ៍ក្នុងតំបន់៕
AFP៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១


មតិយោបល់