សេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា តាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ អំពី ការបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានមកទទួលការចាក់វ៉ាក់សាំងកូដ-១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន និងអនុវត្តតាមវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្លួន។
ក្នុងករណី ស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕
មតិយោបល់