ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក
លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាមព្រះរាជក្រឹត្យលេខ.នស/រកត/០៤២១/៣៥១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១។
ដោយឡែក នៅរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនលោក អ៊ុងចាន់ធួក និងបុរស០២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃសុក្រ ទី១៦ ខែ មេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈ អនុប្រធានសេនាធិការនៃ អគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្ក ឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
៤-មនុស្សមួយចំនួនទៀតបានរតចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់ ។
ជនទាំង០៣នាក់ខាងលើ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋប្រមាណជា ៣០ ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន ៕
ក្រៅពីការដកស័ក្ដិហើយនោះ នាយនគរបាលរូបនេះ និងបក្ខពួក២នាក់ផ្សេងទៀត ក៏ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ព្រោះតែល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមជំរាបថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់៕
មតិយោបល់