រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបសលជាតិ និងបើករថយន្តឡាយល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា នៅពេលសួរនាំ បុគ្គលរូបនេះមិនមែនជាមន្ដ្រីនគរបាលនោះទេ ពោលពេលឡាយវីដេអូនោះ គ្រាន់និយាយអួតគេតែប៉ុណ្ណោះ។
សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការនេះ ចោទប្រកាន់២បទល្មើស រួមមាន៖*ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ
*ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។
សូមជម្រាបថា បុគ្គលរូបនេះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។
មតិយោបល់