អាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោមនឹងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ដោយសារមិនបំពេញកាតព្វកិច្ចយកសំណាក និងចត្តាឡីស័ក នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់អាជីវករ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៌ នៃការឆ្លងកូវីត១៩ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សូមរួសរាន់សហការជាមួយក្រុមគ្រូពេទ្យដើម្បីសំណាកធ្វើតេស្តជាបន្ទាន់។ ដោយឡែកចំពោះ អ្នកបានយកសំណាករួចហើយ ត្រូវធ្វើច័ត្តាឡីស័កតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។
តាមអនុក្រឹត្យលេខ ៥៧អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកដែលមានគេចវេះនិងមិនបំពេញកាតព្វកិច្ចនឹងត្រូវទទួលទណ្ឌកម្មដូចខាងក្រោម ៖
ក-ទណ្ឌកម្ម ៖ ចំពោះ “ការមិនអនុវត្តកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាក”
– បុគ្គល (ដែលមានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាក ) ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល។
– ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។
ខ-ទណ្ឌកម្ម ៖ ចំពោះ “បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក”
-បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល (បើមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ) ។
-បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ) ។
រដ្ឋបាលខេត្ត សូមអំពាវនាវ ឲ្យអាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោម ដែលមិនបានអនុវត្តបានសហការ និងអនុវត្តបានត្រឹមត្រូវ សូមរួសរាន់មកយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ក្នុងរយៈ ២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីខកខាន បុគ្គលទាំងនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៣ការពារ: ត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
មតិយោបល់