ភ្នំពេញៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីយប់ មានករណីបុរសជាអ្នកជាបេះកញ្ឆែតលក់ម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវ(បញ្ឆិត)
ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបើកបុកយ៉ាងពេញទំហឹង បណ្តាលអ្នករងរបួសបែកផ្លោកនោមធ្ងន់ធ្ងរ
ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សឿន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរជាបេះកញ្ឆែតលក់ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1C-2365 ។
ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែប្រាប់ឲ្យដឹងថា ជនបង្កជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បើករថយន្តម៉ាក តូយ៉ូតាព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AR-2687។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីកន្លែងបេះកញ្ឆែត គោលបំណងត្រលប់ទៅផ្ទះ ដោយជិះម៉ូតូឆ្លងផ្លូវបញ្ឆិតឡើងផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ស្រាប់តែជិះឆ្លងជិតផុតទៅហើយ ក៏ត្រូវរថយន្តម៉ាកតូយ៉ូតាព្រុស ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ (បញ្ច្រាសទិសគ្នា) ពីជើងទៅត្បូងក្នុងល្បឿនលឿន និងមានស្ថានភាពស្រវឹងខ្លាំងផង ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបែកផ្លោកនោម ហូរឈាមសន្លប់ស្ដូកនៅលើផ្លូវ។
ក្រោយកើតហេតុជនបង្កព្យាយាមបើករត់គេច បានប្រហែលជា ២០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងរថយន្តទៅសាកសួរនៅអធិការដ្ឋានខណ្ឌ រីឯអ្នករបួសធ្ងន់ត្រូវបាន រថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕
មតិយោបល់