ព័ត៌មានជាតិ

មេដឹកនាំ​យោធាភូមា​ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្តីពី​បញ្ហា​ភូមា ដែលជាទស្សនកិច្ច​ផ្លូវការលើកដំបូង បន្ទាប់ពីឡើងកាន់អំណាច

មេដឹកនាំ​យោធាភូមា​លោកឧត្តមសេនីយ៍​មីន អ៊ុងឡាំង​ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្តីពី​បញ្ហា​ភូមា​នាថ្ងៃសៅរ៍ខាងមុខ។ នេះគឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការក្រៅ​ប្រទេស​លើក​ដំបូង​របស់លោកហើយ​ចាប់តាំងឡើង​ក្តោបក្តាប់​អំណាច​កាលពី​ថ្ងៃទី១ ខែកុម្ភៈ​មក​។

ប្រទេសភូមា​បាន​ស្ថិតក្នុង​ស្ថានភាព​វឹកវរ​ចាប់តាំងពី​ពួកយោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​លោកស្រីអ៊ុង សានស៊ូជី​។ យោងតាម​ក្រុមឃ្លាំមើល​ក្នុងតំបន់​ មាន​ជន​ស៊ីវិល​យ៉ាងហោច​ ៧៣០ នាក់​ត្រូវបានកងទ័ពភូមា​សម្លាប់ ​ហើយ​មនុស្ស​ជាង​ ៣ ១០០ នាក់​ផ្សេងទៀត​ត្រូវបានចាប់ខ្លួន​។

ស្ថានភាពអាក្រក់​នៅភូមា​ បូករួមការជំរុញ​ពីខាងក្រៅកាន់តែខ្លាំង​ផង​ សមាគម​អាស៊ី​អាគ្នេយ៍​ បានសម្រេច​រៀបចំ​កិច្ច​ប្រជុំ​ពិសស​មួយ​ដើម្បី​ពិភាក្សា​គ្នាពី​វិបត្តិ​នៅភូមា​នេះ​។ ការ​អញ្ជើញ​របស់​អាស៊ាន​ទៅកាន់​ឧត្តម​សេនីយ៍មីន អ៊ុងឡាំង​ ឲ្យ​ចូលរួម​ក្នុងកិច្ចប្រជុំ​នៃ​ប្រទេស​ទាំង ១០​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ បាន​ទទួល​រង​ការរិះគន់ពី​ក្រុម​សកម្មជន​ដែល​ជំរុញ​មេដឹកនាំ​អន្តរជាតិ​កុំឲ្យ​ទទួលស្គាល់​របប​យោធាជាផ្លូវការ​។

រដ្ឋាភិបាល​ស្រមោល​ឬរដ្ឋាភិបាល​រួបរួមជាតិ​ភូមា​​ (NUG) ដែល​ទើប​បានបង្កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ​ ដោយ​សមាជិកសភា​តំណាងរាស្ត្រ​របស់​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ភាគ​ច្រើន​កំពុង​រស់​គេច​ខ្លួនពី​រដ្ឋាភិបាលយោធា​បាននិយាយថា​ អាស៊ាន​មិនទាក់ទង​ទៅ​ពួកគេ​ឡើយ​។

លោក​ Moe Zaw Oo អនុរដ្ឋមន្រ្តី​ការបរទេស​រដ្ឋាភិបាលស្រមោល​ភូមា​បាន​និយាយ​ថា បើ​អាស៊ាន​ចង់​ជួយដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេសភូមា​ អាស៊ាន​គួរតែ​ពិគ្រោះ​យោបល់​និង​ចរចា​ជាមួយ​រដ្ឋាភិបាលស្រមោល​ដែល​មាន​ភាព​ស្របច្បាប់​ពេញ​លេញ​ និងគាំទ្រ​ដោយ​ប្រជាជន​ភូមា​។ ចំណុច​សំខាន់​អាស៊ានមិន​ត្រូវ​ទទួល​ស្គាល់របប​យោធាឡើយ​។

ទាក់ទង​នឹង​សំណើ​របស់​រដ្ឋាភិបាល​ស្រមោលភូមា​ខាងលើ​ គេនៅមិនទាន់​ឃើញ​អាស៊ាន​ ឆ្លើយ​តប​យ៉ាងណានោះទេ​។ វិបត្តិនៅភូមា​គឺជា​បញ្ហាស្មុគស្មាញខ្លាំង​មួយ​ដែល​មេដឹកនាំ​អាស៊ាន​ត្រូវ​ចូលរួម​ជួយ​សម្របសម្រួល​ និងដោះស្រាយ​។

កន្លងមក​ ប្រទេសជិតខាងភូមា​ធ្លាប់​បាន​ព្យាយាមជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​របប​យោធា​ និង​រដ្ឋាភិបាល​ដែល​ត្រូវបានទម្លាក់​ចេញដែរ​ ប៉ុន្តែ​យោធា​ភូមា​បាន​បង្ហាញឆន្ទៈ​តិចតួច​ណាស់​ក្នុងការ​ចូលរួម​៕

 

មតិយោបល់