ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ ដោយមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ដើរយំសំដៅមកលោតទឹកបញ្ចប់ជីវិត នៅលើស្ពានជ្រោយចង្វា ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការ គោលដៅឃាត់ខ្លួនទាន់ កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ សុខ ខេង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការ ស្នាក់នៅផ្សារសាមហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច ប្រចាំគោលដៅ បានឲ្យដឹងថា គាត់បានឃើញស្ត្រីរងគ្រោះខាងលើ ដើរបណ្តើរយំបណ្តើរ ពីលិចទៅកើតសំដៅឡើងស្ពានជ្រោយចង្វា ខណៈមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំទើបដឹងថា ស្ត្រីរូបនោះមានវិបត្តិក្នុងគ្រួសារ ហើយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ។
ចំណែកស្ត្រីរងគ្រោះក៏បានរៀបរាប់ប្រាប់ឲ្យដឹងដែរថា ប្ដីរបស់គាត់តែងតែធ្វើបាបផ្លូវចិត្តយ៉ាងធ្ងន់ធ្ងូរ តែងតែប្រចណ្ឌគាត់មិនមានហេតុផល រករឿងគាត់ស្ទើររាល់ថ្ងៃ ទើបគាត់សម្រេចចិត្តមកបញ្ចប់ជីវិត លោតទឹកសម្លាប់ខ្លួនតែមិនទាន់បានលោតផង ត្រូវសមត្ថកិច្ចឃាត់តែម្ដង ។ ក្រោយហេតុការណ៍ សមត្ថកិច្ចបានទាក់ទងទៅប្ដីឲ្យមកយកប្រពន្ធត្រលប់ទៅផ្ទះវិញបាត់ទៅ ៕






មតិយោបល់