សាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ នេះក៏បានសម្រេចផ្ដន្ទាទោសឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ក្នុងបទល្មើសរារាំងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សមត្ថកិច្ច ដែលបានចុះអនុវត្ត ក្នុងភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលរូបនេះឈ្មោះ យន់ ស៊ាងហ៉ី ហៅប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់តាម មាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទ «ប្រមាថ» តាមមាត្រា៥០២ នៃក្រុមព្រហ្មទណ្ឌ។
សូមរំលឹកថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើសមត្ថកិច្ច។ បទបញ្ជារបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មតិយោបល់