(Reuter) ការស្វែងរកនាវាមុជទឹកឥណ្ឌូនេស៊ីដែលបានបាត់ខ្លួនជាមួយនាវិក ៥៣នាក់ បានបន្តនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីក្រុមជួយសង្គ្រោះបានប្រទះឃើញស្នាមប្រេងហើយប្រទេសជិតខាងបានសន្យាជួយស្វែងរក។
អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា នាវាមុជទឹកដែលមានអាយុ ៤៤ឆ្នាំឈ្មោះ KRI Nanggala-402 កំពុងធ្វើសមយុទ្ធនៅភាគខាងជើងកោះបាលីកាលពីថ្ងៃពុធ ប៉ុន្តែបានបរាជ័យក្នុងការបញ្ជូនលទ្ធផលដូចការរំពឹងទុក។
ក្រុមមន្រ្តីបាននិយាយថា ការស្វែងរកពីលើអាកាសបានរកឃើញដានប្រេងមួយកន្លែងនៅជិតទីតាំងមុជទឹករបស់នាវា ហើយនាវាកងទ័ពជើងទឹកចំនួនពីរគ្រឿងដែលមានសមត្ថភាពចាប់សម្លេងរយៈចំងាយវែងត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងការរុករក។
អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា នាវាមុជទឹកនោះដើរដោយប្រេងម៉ាស៊ូតដែលដំណើរការដោយអាគុយអគ្គិសនីអាចធ្វើប្រតិបត្តិការនៅត្រឹមជម្រៅទឹក២៥០-៥០០ម៉ែត្រ (៨២០-១៦៤០ ហ្វីត)។
ឧត្តមសេនីយឯក Julius Widjojono បានប្រាប់កាសែត KompasTV ថា “ការធ្វើប្រតិបត្តិការលើសពីជម្រៅនេះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត” ។
កាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបាននិយាយថា “វាអាចទៅរួចដែលក្នុងអំឡុងពេលមុជទឹកចរន្តអគ្គិសនីបានដាច់ ដូច្នេះប្រព័ន្ធបញ្ជាត្រូវបានកាត់ផ្តាច់ហើយនីតិវិធីសង្គ្រោះបន្ទាន់មិនអាចធ្វើបាន ហើយនាវាអាចធ្លាក់ដល់ជម្រៅ ៦០០-៧០០ ម៉ែត្រ”។ សមុទ្រនៅតំបន់នោះមានជម្រៅរាក់ជាងតំបន់ផ្សេងទៀតនៃប្រជុំកោះនេះ ប៉ុន្តែកន្លែងខ្លះអាចមានជម្រៅជាង ១៥០០ ម៉ែត្រ។ ក្រសួងការពារជាតិបាននិយាយថា អូស្រ្តាលី សិង្ហបុរី និងឥណ្ឌាបានឆ្លើយតបនឹងសំណើសុំជំនួយ។ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោក Marise Payne បាននិយាយថាអូស្រ្តាលីនឹង “ជួយតាមអ្វីដែលយើងអាចធ្វើទៅបាន” ៕
មតិយោបល់