អវកាសយានិក៤រូប ក្នុងនោះរួមមានអវកាសយានិកបារាំង តូម៉ា ប៉េស្កេ ផងដែរ ត្រូវធ្វើដំណើរតាមយាន Crew Dragon របស់ក្រុមហ៊ុន SpaceX ដោយការបាញ់បង្ហោះ ដែលគ្រោងធ្វើកាលពីថ្ងៃទី២២មេសា ត្រូវលើកពេលមកធ្វើនៅថ្ងៃសុក្រ ២៣មេសានេះវិញ នៅម៉ោង ៥និង៤៩នាទីព្រឹក ម៉ោងនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ៤និង៤៩នាទីរសៀល ម៉ោងនៅក្នុងប្រទេសកម្ពុជា
រ៉ុកកែតធុន Falcon 9 នឹងត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសរបស់ណាសា នៅ Cape Canaveral រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយបាញ់ចេញពីទីតាំងលេខ 39A ដែលគេធ្លាប់ប្រើ កាលពីក្នុងអំឡុងបេសកកម្មអាប៉ូឡូ ទៅកាន់ព្រះចន្ទ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ និង ១៩៧០។
ក្រៅពី តូម៉ា ប៉េស្កេ (បារាំង, ESA) អវកាសយានិក៣រូបទៀត រួមមាន Shane Kimbrough និង Katherine Megan McArthur (អាមេរិក, NASA) និង Akihiko Hoshide (ជប៉ុន, JAXA)។
សម្រាប់ក្រុមហ៊ុន SpaceX បេសកម្មនេះ ដែលមានឈ្មោះថា Crew-2 គឺជាលើកទី៣ហើយដែលយាន Crew Dragon បានដឹកអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ បន្ទាប់ពីបេសកកម្មសាកល្បង Demo-2 និង បេសកកម្មផ្លូវការ Crew-1។
ការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនេះនឹងត្រូវចំណាយពេលប្រមាណជា ២៤ម៉ោង ដោយយាន Crew Dragon នឹងត្រូវទៅដល់ និងភ្ជាប់ខ្លួនជាមួយស្ថានីយ៍អវកាសអន្តរជាតិ នៅថ្ងៃសៅរ៍ស្អែក ម៉ោង ៤និង១០នាទីរសៀល (ម៉ោងនៅប្រទេសកម្ពុជា)។ អវកាសយានិកទាំង ៤រូប នឹងត្រូវទទួលស្វាគមន៍ ដោយអវកាសយានិកចំនួន ៧នាក់ ដែលកំពុងស្នាក់នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិរួចជាស្រេច។
នៅមុនពេលចេញដំណើរ តូម៉ា ប៉េស្កេ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា បេសកកម្មរយៈពេល ៦ខែ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនេះ ក៏ដូចជាបេសកកម្មផ្សេងទៀតដែរ នឹងត្រូវផ្តោតលើចំណុចសំខាន់ពីរ។ ទី១ គឺធ្វើពិសោធន៍វិទ្យាសាស្រ្តក្នុងស្ថានភាពគ្មានកម្លាំងទំនាញ (ឬគ្មានទម្ងន់) ដែលគេមិនអាចធ្វើបាននៅលើដី។ ទី២ គឺសិក្សាឲ្យកាន់តែស៊ីជម្រៅលើការធ្វើដំណើរក្នុងអវកាស ដើម្បីសាកល្បង និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងការធ្វើដំណើរឲ្យបានកាន់តែឆ្ងាយ ជាពិសេស ទៅកាន់ព្រះចន្ទ និងភពអង្គារ។
មតិយោបល់