ព័ត៌មានជាតិ

ភា​ព​តាន​តឹង​បាន​ប៉ោង​ឡើង​ជា​ថ្មី ​រវាង ប៉ាឡេស្ទីន និង​កងកម្លាំង​​អ៊ីស្រាអែល ​មាន​​ការ​ប៉ះទង្គិច​ជា​ថ្មី ​នៅ​ហ្សេរុយសាឡិម

ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ចាស់ ក្រុង​សក្តិសិទ្ធ​​ក៏​បាន​ផ្ទុះ​ឡើង។ ក្រោយ​បាតុកម្ម​អស់​ពេញ​មួយ​យប់​​ថ្ងៃព្រហស្បតិ៍ រវាង​ម្ខាង​ជា​​បាតុករប៉ាឡេស្ទីន ម្ខាង​ជា​បាតុករ​អ៊ីស្រាអែល​ជាតិនិយមជ្រុល ​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​កើត​ឡើង​ បណ្តាលឱ្យ​មាន​របួស​ជាង​១២០នាក់ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​ជា​ក្រុង​សក្តិសិទ្ធ​ទីបី​របស់​សាសនាអ៊ីស្លាម និង​ដែល​មានប្រជាជនរាប់​សិប​ពាន់​នាក់​កំពុង​សូត្រ​ធម៌។ បាតុករប៉ាឡេស្ទីនជា​ច្រើន​​ក្រុមទៀត​ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​តំបន់ហ្សេរុយសាឡិម​ខាង​កើត ដែល​សុទ្ធ​តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រទី ២៣​មេសាទៀត។

 

មិនបាន​ធូរ​ស្បើយ​ នៅ​យប់​ថ្ងៃសុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ រ៉ុកកែត​ចំនួន​៣៦​គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ដែន​ដី​ប៉ាឡេស្ទីន​មួយ​ដុំ​​ទៀត​ដែលនៅ​ដាច់ពី​ស៊ីហ្សកដានីនិង​ហ្សេរុយសាឡិម។ ប្រព័ន្ធ​ខែល​មីស៊ីល​អ៊ីស្រាអែល ចាប់​បាន​៦​គ្រាប់ ហើយ​គ្រាប់​រ៉ូកកែត​ផ្សេង​បាន​ធាក់​លើ​ដី​វាល​អ៊ីស្រាអែល។ ជា​ចម្លើយ​តប រថក្រោះ យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​នៃ​កង​យោធា​អ៊ីស្រាអែល​បានផ្លោង​គ្រាប់​ បាញ់​ សំដៅ​លើ​ទីតាំង​របស់​ពួក​ចលនា​ហាម៉ាស​ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា តាំង​ពី​ឆ្នាំ​២០០៧មក។ ប៉ុន្តែ​ទោះ​មាន​​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល​ ណក៏​តំបន់​ហ្កាហ្សានេះ​​ធ្លាប់​ជា​សមរភូមិសង្គ្រាម​បី​លើក​មក​ហើយ (២០០៨-​២០១២-២០១៤) ​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​។

អំពើ​ហិង្សា​ថ្មី​នេះ បាន​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន។ ​ សហរដ្ឋ​អាមេរិក​បានសម្តែង​ការ​ព្រួយ​បារម្ភ​។ ចំណែក​ហ្សកដានី ប្រទេស​ជិត​ខាង​ ដែល​ជា​គ្រប់គ្រងរដ្ឋបាល​​ទីតាំង​វិហារ​សាសនា​អ៊ីស្លាម​នៅហ្សេរុយសាឡិម បាន​ប្រកាស​ថ្កោលទោស​​ការ​វាយប្រហារ​បែប​រើស​អើង​របស់​អ៊ីស្រាអែល​ទៅ​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន និង​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិបញ្ចេញ​សកម្មភាព​ការ​ពារ​ពលរដ្ឋ​ប៉ាឡេស្ទីន​នេះ​។ នេះក៏​​ជា​សារ​ព្រមានអ៊ីស្រាអែល​ថាមិន​អាច​ប៉ះពាល់​​ក្រុង​ហ្សេរុយសាឡិម​បាន​ទេ៕

ប្រភព៖ ​RFI​​

មតិយោបល់