ព័ត៌មានជាតិ

ឆ្នេរសមុទ្រកម្ពុជាគឺជាគោលដៅទេសចរណ៍កំពុងពេញនិយម

ភ្នំពេញៈ នៅកម្ពុជាតំបន់ឆ្នេរសមុទ្រគឺជាគោលដៅទេសចរណ៍កំពុងពេញនិយម សំរាប់អ្នកទេសចរណ៍ជាតិអន្តរជាតិ ។ នៅឆ្នាំ២០១៥កន្លងទៅ ទេសចរជាតិប្រមាណ១លាននាក់ និង ទេសចរអន្តរជាតិប្រមាណជាង៦០ម៉ឺននាក់ បានទៅទស្សនាតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង៤ កែប កំពត កំពង់សោម កោះកុង (k4 :Kep,kampot,kompong Som ,koh kong )។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងនៅក្នុងសិក្ខាសាលាមួយ ស្តីពី ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិនិយោគរវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ និងក្រសួងទេសចរណ៍នៅថ្ងៃទី៣០ខែឧសភាថា កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ឆ្នេរខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ដែលនៅលើសកលលោកកម្រនិងមានដូច មានប្រវែងជាង៤៤០គីឡូម៉ែត្រ និងបានជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាតលើពិភពលោក។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ វីសសុឌ្ឍី បានបញ្ជាក់ថា ដោយមើលឃើញអំពីការយកចិត្តទុកដាក់ខ្ពស់និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកែលំអរការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ មហាសន្និបាតក្លិបឆ្នេរស្អាតពិភពលោកបានសម្រេចបោះឆ្នោតឲ្យកម្ពុជាជាអនុប្រធានក្លិបឆ្នេរស្អាតលើពិភពលោកទទួលបន្ទុកអាស៊ីប៉ាហ្វិក។

លោកបន្តទៀតថា បច្ចុប្បន្ននៅលើពិភពលោកភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤០ភាគរយចូលចិត្តទស្សនាគោលដៅទេសចរណ៍ វប្បធម៌ ប្រមាណជាង២៥ភាគរយ ចូលចិត្តទស្សនាកំសាន្ត សំរាកលំហែតំបន់ឆ្នេរសមុទ្រ ក្រៅពីនោះធ្វើដំណើរទៅកំសាន្តនៅតំបន់ទេសចរណ៍ទីក្រុង តំបន់ទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) ទេសចរណ៍ជនបទ និង ផ្សេងៗទៀត។

កម្ពុជារំពឹងថា ឆ្នាំ២០២០ ឆ្នេរសមុទ្រកម្ពុជាអាចនឹងមានទេសចរជាតិប្រមាណ២លាននាក់ និងទេសចរអន្តរជាតិប្រមាណ១លាននាក់។ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំរៀបចំកែលំអរការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឲ្យបានល្អប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

ក្រសួងទេសចរណ៍បានអំពាវនាវឱ្យពលរដ្ឋ អាជីវករ និងផ្នែកពាក់ព័ន្ធចូលរួម លើកកម្ពស់ថែរក្សា ការពារ អនាម័យ បរិស្ថាន និងសោភណ្ឌភាពតំបន់ឆ្នេររបស់កម្ពុជាឱ្យបានល្អស្របតាមពាក្សស្លោក«ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង( Healthy Bay Healthy Economy) ទីក្រុងបៃតង ផ្ទៃសមុទ្រខៀវស្រងាត់( Green City Blue Sea)៕

photo_2016-05-30_17-28-30photo_2016-05-30_17-28-41

មតិយោបល់