ព័ត៌មានជាតិ

អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ជំរុញឱ្យពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា

 

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបាននិយាយថាលោកពិតជាឈឺចិត្តយ៉ាងខ្លាំងដល់ថ្នាក់ស្ទើរគ្រាំគ្រាបេះដូង ចំពោះអំពើហិង្សាដែលយោធាមីយ៉ាន់ម៉ាប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល ដោយលោកអំពាវនាវឱ្យពិភពលោកកុំទទួលស្គាល់របបយោធា។

លោក អូបាម៉ាក៏បានបង្ហាញការគំាទ្រផងដែរដល់វិធានការដាក់ទណ្ឌកម្ម របស់រដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសដទៃទៀតលើ ក្រុមឧត្ដមសេនីយ៍មីយ៉ាន់ម៉ាក្នុងបុព្វហេតុស្ដារប្រជាធិបតេយ្យឡើងវិញ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក អូបាម៉ា បានគូសបញ្ជាក់ដូច្នេះថា៖ «ទង្វើខុសច្បាប់ និងដ៏សាហាវឃោរឃៅរបស់យោធាមីយ៉ាន់ម៉ានឹងបង្ហាញកាន់តែច្បាស់ថាវានឹង មិនត្រូវបានប្រជាជនទទួលស្គាល់ឡើយ ហើយក៏មិនត្រូវបានពិភពលោកទទួលស្គាល់នោះដែរ»។

បើតាមអង្គការសង្គមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា មកទល់នឹងពេលនេះ មនុស្សច្រើនជាង៧៥០នាក់ហើយបានស្លាប់ និង៣,៤៣១នាក់ កំពុងជាប់ឃុំ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាប្រើប្រាស់កម្លាំងបាយបង្ក្រាបលើក្រុមបាតុករ ចាប់តាំងមានព្រឹត្តិការណ៍ដែលអន្តរជាតិហៅថា
ជារដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក៕

AFP៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

មតិយោបល់