ភ្នំពេញៈ រថយន្ត Mercedes GL320 បុកខឿនរង្វង់មូលមហាវិថីឈ្នះឈ្នះ រួចបន្តជ្រុលទៅបុកគល់ដើមឈើមួយដើមខូចខាតផ្នែកខាងមុខយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចប្រទះឃើញដោយគ្មានវត្តមានម្ចាស់រថយន្តនៅកន្លែងកើតហេតុនោះទេ។
ហេតុការនេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចរង្វង់មូលទី១ នៃសួនច្បាខាងកើតស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៌ ពាក់ស្លាក់ ភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ត្រង់រង្វង់មូលសួនច្បារ មហាវិថីវិឈ្នះឈ្នះ ដោយសភាព ខូចខាតផ្នែកខាងមុខយ៉ាងដំណំរីដើមឈើក៏បើកសំបកផ្នែកគល់នៃដើមឈើ។
ប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា រថយន្ត ស៊េរីទំនើប Mercedes GL 320 មួយគ្រឿងនេះ សង្ស័យបើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារ ចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏បួងចង្កូតមិនទាន់ក៏បុករបាំងថ្មររង្វង់មូលពេញទំហឹង ដោយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច ម្ចាស់រថយន្តក៏បានចាកចេញ ទុករថយន្តចោលនៅកន្លែងកើតហេតុមិនថា ម្ចាស់ថយន្តមានរបួសឬអត់នោះទេ លុះព្រឹកវេលាម៉ោង ៨និង៣០ នាទីព្រឹក ទើបប្រជាពលរដ្ឋប្រទះឃើញរថយន្តរួចរាយការណ៍ទៅសមត្ថកិច្ចចុះទៅមេីលដល់កន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយជាក្រោយ៕










មតិយោបល់