ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន និងបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ថ្មីៗកន្លងទៅនេះ ក្រុមការងារពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងនៅទឹកដីខេត្តប៉ៃលិន។ ករណីនេះត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលយកដើម្បីជាសមត្ថកិច្ច ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាដឹកនាំជំនាញរបស់នាយកដ្ឋាន សហការជាមួយជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម:
-កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី មានករណីប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដែលបង្កឡើងដោយឈ្មោះ រស់ សុខចិន អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ បានវាយឈ្មោះ កូ មុំ ភេទស្រី អាយុ ២៥ឆ្នាំ (ត្រូវជាប្រពន្ធ) ចំនួន ២ ខ្សែពានម៉ាស៊ីន បណ្តាលឲ្យរបួសដៃខាងឆ្វេង និងគូថ ថែមទាំងបានចាប់បោចសក់អូសចម្ងាយជាច្រើនម៉ែត្រ ទៀតផង ហើយករណីនេះប្រព្រឹត្តនៅភូមិអូរអណ្ដូង សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។
*មូលហេតុ: ឪពុកប្រើកូនឱ្យទៅដូរក្រវិលកំប៉ុងស្រាបៀរ តែត្រូវបានម្ដាយមិនឲ្យកូនទៅ ស្រាប់តែប្តីបានស្ទុះមកវាយតែម្ដង។
-នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុឈ្មោះ រស់ សុខចិន បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អំពើហិង្សាវាយដំលើភរិយាពិតប្រាកដមែន និងបានសារភាពបន្ថែមថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ១៥ឆ្នាំកន្លងមកហើយ និងតែងតែប្រព្រឹត្តអំពើហិង្សាលើប្រពន្ធជាញឹកញាប់ ហើយកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការអប់រំណែនាំផងដែរ។
ករណីនេះត្រូវបាន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត។ លោក លី ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ រស់ សុខចិន នៅពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់លេខ.២០៤ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់