ព័ត៌មានជាតិ

ឯកឧត្តម ស្មាន ម៉ាណាន រួមជាមួយនឹងឯកឧត្តម អ៊ុក សារុន បានអញ្ជើញចែកអំណោយដែលជាកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ

ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងឯកឧត្តម អ៊ុក សារុន អនុរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចែកអំណោយដែលជាកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ(តំណាង ៤០ នាក់ មកទទួល) រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងមតិសំនេះសំណាល ឯកឧត្តមបានថ្លែងអំណរគុណចំពោះសុខសន្តិភាពដែលកំពុងទទួបាននាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយយើងត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ឯឧត្តមបានផ្តាំផ្ញើដល់បងប្អូនឲ្យចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នានូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ក៏ដូចជាវិធានការការពារដែលបានណែនាំដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្ដមក៏បានជំរុញឲ្យបងប្អូន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ហើយកុំជឿការឃោសនាអកុសល ពីសំណាក់ជនអគតិមួយចំនួន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចកក្រ អារ៉ាប៊ី សាអូឌីត តំណាងដោយក្រសួងកិច្ចការសាសនា តាមរយៈស្ថានទូតនៅទីក្រុងហាណូយ និងការិយាល័យក្រុមប្រឹក្សាឥស្លាមនាទីក្រុងបាងកក និងតាមរយៈតំណាងការិយាល័យក្រុមប្រឹក្សាឥស្លាមនៅកម្ពុជា ដែលបានផ្តល់អំណោយជាកញ្ចប់អាហារសម្រាប់ចូលបួសក្នុងឆ្នាំនេះដែលមានសរុបចំនួន ១០០០ កញ្ចប់ សម្រាប់អ្នកបួសនៅព្រះរាជាណាចក្រកម្ពុជាចំនួន១០០០ គ្រួសារ។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានធ្វើការប្រគល់ជូនកញ្ចប់អាហារចំនួន ៤០ កញ្ចប់ ជានិមិត្តរូប ហើយចំនួនដែលនៅសល់នឹងចែកជូនប្រជាពលរដ្ឋតាមជាតំណាក់ៗ ដើម្បីជៀសវាងការការជួបជុំគ្នាច្រើន។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលពីសំណាក់ អាជ្ញាធរមូលដ្ឋាន មានលោកមេឃុំស្វាយប្រទាល ជំទុកឃុំ និងលោកស្រីប្រធានមន្ទីរពេទ្យបង្អែកប្រចាំក្នុងឃុំស្វាយប្រទាល រួមទាំងលោក លោកស្រី អាជ្ញាធម៌មូលដ្ឋានផ្សេងទៀតផងដែរ។
ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ ១៥គក ស្ករស ២គក ទឹកដោះគោខាប់ ២កំប៉ុង ត្រីខ ៥កំប៉ុង មី ១០កញ្ចប់ ប្រេងឆា ១ លីត្រ និង ទឹកត្រី ១ដប៕

មតិយោបល់