ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ និងបង្គ្រាបការលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់

 

ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំចំនួន៧ចំណុច ស្ដីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់

ដើម្បីធានារក្សាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក៏ដូចជាលុបបំបាត់ការនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត នូវគោលការណ៍ចំនួន៧ចំណុច ស្ដីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រាប់សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្រាបិទខ្ទប់ និងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

ទី១-អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវដឹកនាំសម្របសម្រួលជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ នាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានាឆ្លងកាត់ព្រំដែន ដើម្បីដាក់ចេញនូវផែនការសកម្មភាពអនុវត្តបន្ត ប្រកបដោយប្រសិទ្ធភាពថែមទៀត។

ទី២-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបង្កើនការគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន និង ភូមិសាស្ត្រទទួលខុសត្រូវតាមច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ និងត្រូវសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ទី៣-អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវពង្រឹងមន្ត្រី និងកម្លាំងមានសមត្ថកិច្ចនៅតាម ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ឱ្យបង្កើនការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែន និងភូមិសាស្ត្រទទួលខុសត្រូវតាមច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ទី៤-អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋានត្រូវសហការ ទំនាក់ទំនងជាមួយសមភាគីរបស់ខ្លួន នៃបណ្ដាប្រទេសក្នុងតំបន់ រួមទាំងប្រទេសជិតខាងកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបង្ក្រាបមេក្លោង និងមេខ្យល់នាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទឆ្លងកាត់ព្រំដែន។

ទី៥-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើនការគ្រប់គ្រងជនបរទេស ដោយត្រូវអនុវត្តវិធានការច្បាប់តឹងរឹង ធ្វើការ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលជ្រៀតចូលមកក្នុងប្រទេសដោយខុសច្បាប់ និងត្រូវពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យជនបរទេសដែល តម្រូវឱ្យធ្វើចត្តាឡីស័ក និងជនបរទេសដែលបាននិងកំពុងព្យាបាលជំងឺកូវីដ-១៩ សំដៅធានាអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានសុខាភិបាល ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ទី៦-ក្នុងកិច្ចប្រតិបត្តិការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ករណីរកឃើញការ លួចជ្រៀតចូលដោយខុសច្បាប់នៅចំណុចណាមួយមន្ត្រី កងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារ និងកងកម្លាំង ល្បាតការពារព្រំដែនត្រូវចាត់វិធានការបញ្ជូនចេញតាមចំណុចនោះនៅនឹងកន្លែងភ្លាម។

និងទី៧-អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរភូមិ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការចេញ-ចូល ស្នាក់នៅរបស់ជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងខិតខំសហការ ចូលរួមក្នុងការស្រាវជ្រាវបង្ក្រាបមេក្លោង និងមេខ្យល់រត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមមូលដ្ឋាន នានាទូទាំងប្រទេស ក៏ដូចជនបរទេសដែលបំពានវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធ របស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់