ភ្នំពេញៈ ករណីចោរលួចរថយន្ត១តោនកន្លះ របស់ឈ្មោះ ថៃ ផល្លី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរដេគ័រ កាត់កញ្ចក់ និងតម្លើងទ្វារ នៅផ្ទះលេខ២៤ ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៥ឧសភា២០១៦ វេលាម៉ោង២និង១៥នាទី រថយន្តដែលត្រូវចោរលួចប្រភេទ Hyundai ពណ៌ស សេរីឆ្នាំ៩៨ ផ្លាកលេខភ្នំពេញ ២p.២៨២៤។
បើតាមសំដីម្ចាស់រថយន្ត បានឲ្យដឹងថា នៅយប់កើតហេតុ គាត់បានចតរថយន្តទុកនៅមុខផ្ទះ ដោយមានសំភារៈមួយចំនួន មានកញ្ចក់ ម៉ាស៊ីនភ្លើង ម៉ាស៊ីនខ្យល់ និងសំភារៈ មួយចំនួនទៀត សំរាប់ចេញទៅ ធ្វើការនៅថ្ងៃស្អែក ប៉ុន្តែនៅ ម៉ោងពេលខាងលើ ក៏ស្រាប់តែលឺសម្លេង បញ្ឆេះរថយន្ត ទើបមានការភ្ញាក់ផ្អើល ស្រែកឆោរឡោឡើង ថាមានចោរលួចរថយន្ត ខណៈនោះដែរ មានអ្នកបើករថយន្តគ្លីនិចគឹម សុង ដែលនៅក្បែរនោះ បានលឺហើយចេញមកមើលបានឃើញពួកចោរកំពុងបើករថយន្តចេញទៅ។
តាមអ្នកបើករថយន្ត គ្លីនិចគឹមសុង បានឲ្យដឹងថា ពេលឃើញដូច្នេះ ខ្លួនបានបើករថយន្តសង្រ្គោះដេញតាមក្រោយ រហូតមកដល់ផ្លូវ៥៩៨ ត្រង់ចំណុចក្រុម៤ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ម៉ោង២និង២៨នាទី ពួកចោរបាឈប់រថយន្ត ចំណែកក្រុមអ្នកដេញតាម ក៏ឈប់រថយន្តក្បែរនោះ តែមិនហ៊ាន ចូលទៅជិត ដោយខ្លាចពួកចោរ មានអាវុធ ទើបជាឱកាស ឲ្យពួកចោរគេចខ្លួន។
ក្រោយមកកម្លាំងសមត្ថកិច្ចបានមកដល់ ហើយបានសួរនាំ ទាក់ទងនិងករណីនេះ បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ ឃើញថា មានភាពត្រឹមត្រូវ ទើប្រគល់រថយន្ត ជូនទៅម្ចាស់វិញ ហើយបានណែនាំ ឲ្យដាក់ពាក្យ បណ្តឹងនៅប៉ុស្តិប៉ូលិស កន្លែងកើតហេតុ៕
មតិយោបល់