ព័ត៌មានជាតិ

គ្រួសារកងទ័ព អតីតយុទ្ធជន នៃកងពលតូចថ្មើរជើងលេខ៥២ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ លើកទី២ បានរួចរាល់

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ និងជាអនុប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនដល់ក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។
ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិ
ភាគទី៥ មានប្រសាសន៍ថា ក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន នៃទិសទី៣យោធភូមិភាគទី៥ ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំរាប់ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនដល់គ្រួសារកងទ័ព និងអតីតយុទ្ធជន ដែលនេះគឺជាការគិតគូរពីសុខទុក្ខសុវត្ថិភាព របស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើង កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់ ។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥២ បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ ។ លោកបានបន្ដទៀតថា ក្រុមគ្រួសារកងទ័ពទាំងអស់ ក្រោយពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួច សូមថែរក្សាសុខភាពល្អ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ហើយត្រូវតែអនុវត្តបន្តឱ្យបានជាប់ជាប្រចាំ នូវវិធានការ
របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះ
៣ការពារ និង៣កុំ ផងដែរ។
សូមជម្រាបផងដែរថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ជូនដល់ ក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន ព្រឹកនេះបានរួមសហការជាមួយក្រុមគ្រូពេទ្យយោធភូមិភាគទី៥ និងក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ៥២ ដែលត្រូវបានបញ្ចប់ជាស្ថាពរ៕

មតិយោបល់