ព័ត៌មានជាតិ

ព្រឹទ្ធសមាជិកអាមេរិកជំរុញឲ្យលោក ចូ បៃដិនដាក់ទណ្ឌកម្មបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា

 

(វ៉ាស៉ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សទាំងពីរ នៅថ្ងៃអង្គារសប្ដាហ៍នេះបានជំរុញឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបយោធាមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងរាំងខ្ទប់ប្រាក់ចំណូល ទៅកាន់ក្រុមហ៊ុនថាមពលរដ្ឋមីយ៉ាន់ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ និងការបង្ក្រាបដោយប្រើអំពើហិង្សាទៅលើក្រុមអ្នកតវ៉ា។

នៅក្នុងលិខិតមួយ ក្រុមសមាជិកព្រឹទ្ធសភាទាំងនោះបានជំរុញឱ្យរដ្ឋបាលលោក ចូ បៃដិន រិះរកគ្រប់មធ្យោបាយថ្មីៗគាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងប្រឈមមុខចំពោះឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងប្រឆាំងនឹងមនុស្សជាតិ»។

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ចង់ឲ្យរដ្ឋបាលលោក ចូ បៃដិន រាំងខ្ទប់លំហូរសាច់ច្រាក់ពីក្រុមហ៊ុនប្រេង ឆេវរ៉ុន (Chevron Corp) ដ៏ធំរបស់សហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនប្រេង និងឧស្ម័នមីយ៉ាន់ម៉ា MOGE ព្រោះ MOGE នេះហើយដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ទៅដល់បណ្តាមេដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងលោក មីន អោង ហ្លេង ដែលកំពុងស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

MOGE ជាដៃគូពាណិជ្ជកម្មមួយនៅតំបន់រុករកប្រេង និងឧស្ម័នយ៉ាដាណា (Yadana) ស្ថិតនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ហើយក្នុងនោះក្រុមហ៊ុនអាមេរិក Chevorn មានភាគហ៊ុន ២៨.៣ភាគរយ៕

Reuters៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

 

 

មតិយោបល់