មន្ទីរពិសោធន៍កំពុងធ្វើតេស្តសាកល្បងមិនទាន់ចប់ទេ ប៉ុន្តែទម្រង់នៃមេរោគកូវីដបំប្លែងខ្លួននៅឥណ្ឌា ដែលមានឈ្មោះបច្ចេកទេស B.1.617 ធ្លាប់ត្រូវបានមន្ទីរពិសោធន៍ធ្វើការសិក្សា ដើម្បីផលិតវ៉ាក់សាំង ហេតុដូច្នេះហើយបានជាយើងជឿជាក់ថាថ្នាំវ៉ាក់សាំង Pfizer/BioNTech អាចប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដបំប្លែងនៅឥណ្ឌាបាន។ នេះជាការពន្យល់របស់លោក Ugur Sahin នាយកមន្ទីរពិសោធន៍BioNTech នៅក្នុងសន្និសីទកាសែតអនឡាញ នាថ្ងៃពុធទី ២៨មេសា២០២១ ដោយបានគូសបញ្ជាក់បន្ថែមទៀតថាវ៉ាក់សាំងដែល BioNTech អភិវឌ្ឍជាមួយក្រុមហ៊ុនអាមេរិក Pfizer បានសាកល្បង លើមេរោគកូវីដបំប្លែង ជាង៣០។ ជាលទ្ធផល មិនថាជាមួយមេរោគបំប្លែងខ្លួនមួយណាទេ វ៉ាក់សាំងសុទ្ធតែអាចបង្កើតអង់ទីក័រការពារខ្លួនបានគ្រប់គ្រាន់ទាំងអស់។
ដូច្នេះគេត្រូវតែពង្រឹងយុទ្ធនាការចាក់ថ្នាំបង្ការ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ឈ្នះ។ នាយកមន្ទីរពិសោធន៍ឯកទេស ខាងបច្ចេកវិទ្យាARN ដែលក្លាយជាជើងឯកពិភពលោកផ្នែកភាពស៊ាំ បានប្រកាសឱ្យដឹងទៀតថា វ៉ាក់សាំងដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានប្រើតាំងពីខែធ្នូ២០២០មក នឹងទទួលបានការអនុញ្ញតពីអាជ្ញាធរសុខាភិបាលចិន ទៅធ្វើចរាចរណ៍នៅចិនក្នុងពេលឆាប់ៗខាងមុខនេះ យ៉ាងយូរបំផុតនៅខែកក្កដា។
ដោយបានលើកសរសើរសហភាពអឺរ៉ុបចំពោះសមត្ថភាពចរចាចែកចាយវ៉ាក់សាំង លោក Sahin យល់ថាការនាំចេញថ្នាំបង្ការទៅ ឱ្យប្រទេសផ្សេងនៅពេលអឺរ៉ុបមានភាពស៊ាំរួមហើយ ជាទង្វើមនុស្សធម៌ ព្រោះអឺរ៉ុបមិនអាចមានសុវត្ថិភាពទេ បើមេរោគបំប្លែងនៅបន្តរាតត្បាតប្រទេសផ្សេងនោះ។
ប៉ុន្តែថ្នាំបង្ការរបស់ Pfizer/BioNTech ចាំបាច់ ត្រូវចាក់រំលឹកម្តងទៅ ៦ទៅ៩ខែក្រោយការចាក់លើកទីពីរ បន្ទាប់មកត្រូវចាក់ជារៀងរាល់ ១២ ទៅ១៨ខែម្តង៕
មតិយោបល់