ព័ត៌មានជាតិ

មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អំណោយសម្ភារៈសុខាភិបាល និងគ្រឿងបរិភោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ-១៩ ហើយបច្ចុប្បន្នមិនទាន់មានការថមថយនៅឡើយ ពិសេសព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភះ ។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ និងដើម្បីជួយសម្រាលការលំបាក និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនេះ មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្តល់សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគមួយចំនួនរួមមាន ម៉ាស់ ជែលលាងដៃ គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅច្រកទ្វាព្រំដែនអន្តរជាតិ ព្រែកចាក (ហាទៀង)
ខេត្តគៀងយ៉ាង វៀតណាម ក្រោមវត្តមានឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ជាម គៀនធឹក មេបញ្ជាការ យោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បានថ្លែងអំណរគុណចំពោះមេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្តម្ភសម្ភារៈសុខាភិបាល និងគ្រឿងបរិភោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនាពេលនេះថាពិតជាមានសារៈសំខាន់ ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
ឯកឧត្តម សួន ខាំឡ បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរសធម៌ និងជាការចែករំលែកដ៏មានសារៈសំខាន់របស់ភាគីមិត្តវៀតណាមដែលតែងតែចូលរួមគាំទ្រដល់កងទ័ពកម្ពុជា ក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាពកងទ័ពជើងគោក ៕

មតិយោបល់