កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្តFord បានបុកជាមួយម៉ូតូសង់១១០ ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅភូមិអន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ២៨-២៩។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទេព សាវន័ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកអ្នកបើកបរថយន្តបង្កឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី(គេចខ្លួនបាត់)។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈដែល ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរពីជើងទៅត្បូងឆ្លងកាត់ផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តម៉ាកFord ពាក់ស្លាកលេខ ភ្នំពេញ 2AC-9652 បើកពីកើតទៅលិចបានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត។ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់