មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ ២០២១ ទោះបីស្ថិតក្រោមដំណក់ភ្លៀងស្រិចៗមិនដាច់គ្រាប់ ក៏ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយសាររងផលប៉ះពាល់ដោយការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ដែលកំពុងរង់ចាំទទួលជំនួយសង្គ្រោះ ចំនួន១២ គ្រួសារ រស់នៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕
មតិយោបល់