ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ ប្រមូលផ្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនទីតាំងខារ៉ាអូខេមួយកន្លែង នៅស្រុកកំរៀង

ខេត្តបាត់ដំបង ៖ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ចូលរួមជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានអនុវត្តនាំខ្លួនមនុស្សប្រុសស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ី និងមានការប្រើប្រាស់គ្រឿងញៀនយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖​ ទទកទទកអគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់