ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ប្រមាណជាង៨ពាន់នាក់

(ភ្នំពេញ)៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ កងពលតូចលេខ៧០ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី១ ជូនប្រជាពលរដ្ឋចំនួន៦ទីតាំង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាទីតាំងដែលកំណត់ជាតំបន់ក្រហមដែលរងនូវការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជាសង្កាត់ស្ទឹងមានជ័យ១ នៅសាលាបឋមសិក្សាសឡា សង្កាត់ស្ទឹងមានជ័យ២នៅ សាលាបឋមសិក្សាស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យ៣ នៅបុរី លឹមឈាងហាក់ សង្កាត់ចោមចៅ១ នៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ២នៅសាលាបឋមសិក្សាគោកបញ្ជាន់សង្កាត់ចោមចៅ៣នៅទីបញ្ជាការកងពលតូចលេខ៧០។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម បានចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ដែលមានប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសប្រមាណ៤៥ម៉ឺននាក់។
ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ខណៈរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩០ម៉ឺនដូស រួចរាល់ហើយ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះវ៉ាក់សាំងជាដាច់ខាត។
សូមជម្រាបផងដែរថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានជម្រុញអោយក្រុមការងារទាំងអស់ យកចិត្តទុកដាក់ និងជួយសម្រួល ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋតាមគោលដៅនីមួយៗ ក្រោមការរៀបចំ និងសម្របសម្រួលពីក្រសួងការពារជាតិ អោយស្របនិងទិសដៅរបស់រាជរដ្ឋាភិបាល ចាក់វ៉ាក់សាំងអោយបាន១០០ភាគរយ ទៅតាមគោលការកំណត់នៅក្នុងតំបន់ក្រហម៕

មតិយោបល់