កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលព្យាបាល (TGA) របស់ប្រទេសអូស្ត្រាលីបាននិយាយថា ប្រទេសអូស្ត្រាលីបានកត់ត្រាករណីកកឈាមថ្មីចំនួន ៥នាក់ដែលបានវិវត្តទៅលើអ្នកដែលបានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca។
TGA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «របាយការណ៍ ៥បន្ថែមទៀតអំពីករណីកកឈាម និងប្លាកែតឈាមទាប ត្រូវបានគេវាយតម្លៃថាជាជំងឺស្ទះសរសៃឈាមសួតដែលមានរោគសញ្ញាទាក់ទងនឹងការស្ទះសរសៃឈាមសួត (TTS) ដែលមានទំនាក់ទំនងទៅនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ របស់ AstraZeneca ។ ករណីទាំងនោះរួមមាន បុរសម្នាក់អាយុ ៧៤ឆ្នាំ និងស្ត្រីម្នាក់អាយុ ៥១ឆ្នាំម្នាក់មកពីរដ្ឋ Victoria បុរសម្នាក់អាយុ ៦៦ឆ្នាំមកពីរដ្ឋ Queensland ស្ត្រីម្នាក់អាយុ ៦៤ឆ្នាំមកពីអូស្ត្រាលីខាងលិច និងបុរសម្នាក់អាយុ ៧០ឆ្នាំមកពីកោះ Tasmania»។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា ក្នុងចំណោមអ្នកជំងឺ ៥នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺស្ទះសរសៃឈាមសួតនោះ នៅពេលនេះមាន ៤នាក់ហើយត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី ២ ខែឧសភា ប្រទេសអូស្ត្រាលីបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ២,២លានដូស ដោយក្នុងនោះមានប្រជាជន ១,៤លាននាក់បានទទួលវ៉ាក់សាំង AstraZeneca ។
ក្នុងពេលបច្ចុប្បន្ននេះ នាយករដ្ឋមន្ត្រីនៃរដ្ឋ New South Wales លោក Gladys Berejiklian បានប្រកាសដាក់ចេញនូវវិធានការណ៍រឹតបន្តឹងការពារការឆ្លងជំងឺកូវីដ-១៩ ដែលមានលក្ខណៈតឹងរ៉ឹងជាងមុនសម្រាប់តំបន់ស៊ីដនីបន្ទាប់ពីមានករណីឆ្លងថ្មីក្នុងស្រុកចំនួនពីរនាក់។
ការរឹតបន្តឹងថ្មីនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែឧសភា និងអនុវត្តនៅតំបន់ស៊ីដនី និងតំបន់ជាយក្រុង៕
មតិយោបល់