ព័ត៌មានជាតិ

មណ្ឌលចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោកបានចាក់ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ជាង២ម៉ឺននាក់

ក្នុងរយ:ពេល៦ ថ្ងៃគិតពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ មណ្ឌលចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ដោយគោលដៅទីមួយមានទីតាំងនៅក្នុងមូលដ្ឋានការពារអាកាស ស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត វត្តតាំងក្រសាំងខាងជើង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុបបានចំនួន ២៣,១៤០ នាក់ ក្នុងនោះស្រីចំនួន ១២,៣៣៨ នាក់ មកពីភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ និងភូមិទាំង៥ របស់សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក និងអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកងទ័ពជើងគោក ឲ្យបើកយុទ្ធនាការជាទ្រង់ទ្រាយធំផ្ដល់សេវាវ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅអចិន្រ្តៃយ៍នឹងមិនអចិន្ត្រៃយ៍ទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មណ្ឌលចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទាំងពីរគោលដៅ បានដំណើរការប្រតិបត្តិការចាក់ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទទួលបានជោគជ័យតាមផែនការគ្រោងទុក លទ្ធផលសម្រេចបានគួរជាទីមោទន:ទាំងអស់នេះ គឺបានមកពីការរៀបចំផែនការច្បាស់លាស់របស់គណ:កម្មការ និងអនុគណ:កម្មការចំពោះកិច្ចគ្រប់ថ្នាក់ ក៏ដូចជាការសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់ធ្វើឲ្យនីតិវិធីនៃការផ្ដល់ចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពតាមការគ្រោងទុក។
ជារៀងរាល់ថ្ងៃមុនដំណើរការនៃការចាក់វ៉ាក់សាំងក៏ដូចជាក្នុងពេលចាក់វ៉ាក់សាំងជាបន្តបន្ទាប់ក្រុមការងារទាំងពីរគោលដៅតែងតែបានផ្សព្វផ្សាយអំពីគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ជាបន្តបន្ទាប់ដើម្បីឱ្យបងប្អូនយើងគោរពឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះផងដែរបញ្ជាក់បន្ថែមទោះបីបងប្អូនបានទទួលវ៉ាក់សាំងរួចហើយក៏ដោយក៏នៅតែបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំដដែល៕

មតិយោបល់