ព័ត៌មានជាតិ

សាហាវមែន! ​បុរសម្នាក់​​ដើររកប្រពន្ធ សួរអ្នកជិតខាង គេឆ្លើយថាមិនដឹង ​យកកាំបិតកាប់ បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ស្រ្តី២នាក់

ស្វាយរៀង: កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ មានករណីកើតអំពើឃាតកម្ម បង្កឡើងដោយបុរសម្នាក់ បានដើររកប្រពន្ធរបស់ខ្លួនមិនឃើញ ហើយបានសួរអ្នកជិតខាង គេឆ្លើយថាមិនដឹង យកកាំបិតកកុកកាប់ទៅលើស្ត្រីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ និងចៅស្រីម្នាក់ទៀត​ រងរបួសយ៉ាងធ្ងន់ ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ សេង ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលនៅភូមិ-ឃុំកើតហតុ , ជនរងគ្រោះពីរនាក់៖១-ឈ្មោះ ហ៊ីង យ៉ឹម ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរកសិករ, ២-ឈ្មោះ ប៉ែន រ៉ី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ ផ្ទះនៅក្បែរគ្នា ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះ ហើយក៏បានសួរស្ត្រីរងគ្រោះ គាត់ឆ្លើយប្រាប់ជនសង្ស័យថា អញមិនឃើញទេ ស្រាប់តែជនសង្ស័យខឹងជនរងគ្រោះជាខ្លាំង បានស្ទុះទាញយកកាំបិតកកុកដេញកាប់ ត្រូវចំកញ្ចឹងកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង ។ ចំណែកចៅស្រីត្រូវចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់