សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។
អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្មេញជាដើម។
នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទំាងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្តេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួននិងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។ សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារសង្គមនិងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទំាងប្រទេស កងកម្លំាងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើងយ៉ាងផុលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពីដើមមក។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចនិងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទំាងទ្វេបានយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនិងតំាងពីដើមមក។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ជាប្រចាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តរាល់វិធានការរដ្ឋបាលនិងសុខាភិបាលយ៉ាងមុឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ក្នុងការទប់ស្កាត់ ការពារសុខុមាលភាពប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ សុខសន្តិភាពសង្គម ពិសេសការចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបិទខ្ទប់៕
មតិយោបល់