ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ កងទ័ពជើងគោក ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ កងទ័ពជើងគោក បានអនុវត្តបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក និងបានខំបំពេញការងារយ៉ាងពេញលេញតាមបទបញ្ជាដែលរាជរដ្ឋភិបាលបានប្រគល់ភារកិច្ចជូន។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បង ប្អូន ទទួលវ៉ាក់សាំងកូវីដ-១៩នេះ គ្រប់ៗគ្នារួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ ។
អ្វីៗសម្រេចទៅបាន ដោយមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន និងមានការចាត់ចែងឱ្យបងប្អូនមានអាយុ១៨ឆ្នាំឡើង មកទទួលយកការចាក់វ៉ាក់សាំងនេះ មានវេនពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជាការបង្កហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩។
នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់ក្រហមដែលស្ថិតនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ក្រុមគ្រូពេទ្យកងទ័ពជើងគោក ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ថិតនៅទីតាំងវត្តអរុណវត្តី ដែលស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកងទ័ពជើងគោក ចាក់វ៉ាក់សាំងកូវីដ-១៩ ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងត្រូវមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ មានចំនួនសរុប ៩៨២២នាក់ ក្នុងផែនការចំនួន ២០០០០នាក់ ៕

មតិយោបល់