(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទួលស្គាល់ថាសកម្មភាពមួយចំនួនរបស់សហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពិតជាបានបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក។
លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើនាឱកាសថ្លែងសុន្ទរកថាមួយកំឡុងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីប្រព័ន្ធ ពហុភាគីនិយមកាលពីថ្ងៃសុក្រ ទី០៧ ខែឧសភានេះ និងទំនងជាចង់សំដៅទៅលើការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំតែម្ដង។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំដឹងថាសកម្មភាពមួយចំនួនរបស់យើងក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះបានបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក និងជំរុញអ្នកដទៃបន្តចោទសួរថាតើយើងនៅតែបន្តធ្វើសកម្មភាពទាំងនោះទៀតទេ»។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ដែលទង្វើបែបនេះត្រូវបានសម្ព័ន្ធមិត្តអាមេរិក ខ្លួនឯងចាត់ទុកថាបំផ្លាញដល់ប្រព័ន្ធពហុភាគីនិយម ហើយវាបានទុកឱកាសឱ្យចិន និងរុស្ស៊ីរិះគន់អាមេរិកយ៉ាងចាស់ដៃ។ ប៉ុន្តែ ក្រោយឡើងកាន់តំណែងជា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រកាសនាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនឡើងវិញ ហើយបាននិងកំពុងស្ដារមុខមាត់របស់ សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ៕
CGTN៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១
មតិយោបល់