មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង វេលាម៉ោង ១:៣០នាទី រហូតដល់ ម៉ោង ៣:០០នាទី ទៀបភ្លឺ ថៃ្ងទី១០ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ហើយមេខ្យល់បានរត់ទៅសំងំក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃ លុះដល់វេលាម៉ោង ៧:០០នាទី ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។
សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន ទី១ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។និងទី២.ឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគេទាំង០២នាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំណែកឯពលករទាំង ២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
មតិយោបល់