ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការ​បរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​ទៅ​ទីក្រុង​ឡា​អេ​ដើម្បី​ពិភាក្សា​អំពី​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

(Reuter)​ រដ្ឋមន្ត្រី​ការ​បរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ព្រះរាជអាជ្ញា​មក​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ឡា​អេ​ដើម្បី​ពិភាក្សា​អំពី​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការ​ ICC​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ភាគី​ទាំង​ពីរ​ ។​

​តុលាការ​ ICC​ កំពុង​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ឆ្នាំ​ ២០០៣​ ដោយ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ជម្លោះ​រួម​មាន​កងកម្លាំង​រដ្ឋាភិបាល​ កងកម្លាំង​តា​លី​បង់​ ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ និង​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​

​ភ្លាមៗ​បន្ទាប់​ពី​តុលាការ​ ICC​ បាន​ប្រកាស​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ក្នុង​ខែមីនា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា​ ខ្លួន​កំពុង​បើក​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដូច​គ្នា​មួយ​ចំនួន​ហើយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ ICC​ ពន្យារពេល​ក្នុង​ការ​ស៊ើបអង្កេត​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ Mohammad​ Haneef​ Atmar​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​ការិយាល័យ​អយ្យការ​របស់​តុលាការ​ ICC​ ថា​ “​យើង​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​គួរ​ឱ្យ​មោ​ទ​នៈ​ ក្នុង​ការ​ធ្វើ​ផែនការ​ឆ្ពោះទៅ​មុខ​ដើម្បី​ធានា​ថា​មិន​មាន​បទឧក្រិដ្ឋ​ណាមួយ​ដែល​ត្រូវ​បាន​លើកលែង​”

​លោក​ Atmar​ បាន​ជួប​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​ឡា​អេ​ប្រទេស​ហូល្ល​ង់​ដែល​ជា​មូលដ្ឋាន​របស់​តុលាការ​ ICC​ ។​

​យោង​តាម​វិធាន​របស់​តុលាការ​ ICC​ តុលាការ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កាត់ទោស​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​នៃ​រដ្ឋ​ជា​សមាជិក​នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​ឆន្ទៈ​ឬ​មិន​អាច​ធ្វើការ​កាត់ទោស​ដោយ​ខ្លួនឯង​ ៕

 

 

មតិយោបល់