(Reuter) ក្រុមបះបោរតាលីបង់បាននិយាយថា ពួកគេនឹងអនុវត្តបទឈប់បាញ់រយៈពេល ៣ ថ្ងៃនៅប្រទេសអាហ្វហ្គានីស្ថានសម្រាប់ថ្ងៃឈប់សម្រាក Eid របស់សាសនាអ៊ីស្លាម ដោយចាប់ផ្តើមនៅសប្តាហ៍នេះ បន្ទាប់ពីមានអំពើហឹង្សាបានកើតឡើងជាច្រើនសប្តាហ៍ ។
អ្នកនាំពាក្យក្រុមបះបោរតាលីបង់លោក Mohammad Naeem បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ដើម្បីឲ្យក្រុម Mujahideen ផ្តល់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាពជាថ្មីម្តងទៀតដល់ជនរួមជាតិរបស់យើងក្នុងអំឡុងពេល Eid-ul-Fitr ដូច្នេះពួកគេអាចប្រារព្ធឱកាសដ៏រីករាយនេះ សមាជិកក្រុមMujahideen ទាំងអស់ ត្រូវបានណែនាំឲ្យបញ្ឈប់រាល់ប្រតិបត្តិការវាយប្រហារនានា” ។
ពិធីបុណ្យ Eid នឹងចាប់ផ្តើមនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះអាស្រ័យលើការមើលឃើញរបស់ព្រះច័ន្ទ។
ការប្រកាសឈប់បាញ់គ្នាបានកើតឡើងពីរថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅខាងក្រៅសាលាមួយនៅភាគខាងលិចនៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់ដែលភាគច្រើនជាសិស្ស និងអ្នករងរបួសជាង ១៦៥ នាក់ផ្សេងទៀត។ គ្មានក្រុមណាមួយទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ក្រុមបះបោរតាលីបង់ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់តាំងពីពួកគេបានបណ្តេញចេញដោយកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០០១ បានបដិសេធមិនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក និងការថ្កោលទោសការវាយប្រហារនេះ។ ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមនេះស្ថិតនៅពីក្រោយការវាយប្រហារនេះ ៕
មតិយោបល់