ក្រៅពីគ្រោងបង្កើតទីតាំងសាខាធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅសិង្ហបុរី មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech និងបង្កើតទីតាំងផលិតមួយទៀត នៅសិង្ហបុរី។ ទីតាំងផលិតថ្មីនេះ នឹងមានសមត្ថភាព ផលិតសេរ៉ូម ARN messager ដែលជាសារធាតុផ្សំដ៏ចាំបាច់បំផុត សម្រាប់ផលិតចេញជាវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ជាមន្ទីរពិសោធន៍ថ្មីនេះ បំពាក់ដោយគ្រឿងយន្ត ម៉ាស៊ីនរ៉ូបូ និងមានអ្នកបច្ចេកទេសជំនាញខ្ពស់ ចំនួនប្រមាណ៨០នាក់។
លោក Ugur Sahin អគ្គនាយកមន្ទីរពិសោធន៍ BioNTech បានលើកឡើងថា វាជារឿងចាំបាច់ និងបន្ទាន់បំផុតនាពេលនេះ ដែលត្រូវតែពង្រីកសមត្ថភាព ផលិតវ៉ាក់សាំងនៅតំបន់ផ្សេងទៀត។ ហើយវាក៏ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់សហគ្រាសផលិតឱសថនេះ ក្នុងការពង្រឹងវត្តមាននៅទូទាំងពិភពលោកផងដែរ។
សូមបញ្ជាក់ថា មន្ទីរពិសោធន៍ BioNTech គឺជាមន្ទីរពិសោធន៍តូចមួយ នៅក្រុងMayence ភាគខាតលិចអាល្លឺម៉ង់ មានជំនាញផ្នែក Biotechnologie។ BioNTech បានសហការជាមួយសហគ្រាសផលិតឱសថដ៏ធំរបស់អាមេរិក ឈ្មោះPfizer ដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយប្រើបច្ចេកទេស ARN messager។
ពីដំបូង មតិទូទៅបានសម្តែងការមិនទុកចិត្ត ចំពោះបច្ចេកទេសថ្មីនេះ ក៏ប៉ុន្តែឆ្លងកាត់ការសាកល្បង និងការចាក់ទ្រង់ទ្រាយធំ ប៉ុន្មានខែមកនេះ បានធ្វើឲ្យអ្នកជំនាញទទួលស្គាល់ថា វ៉ាក់សាំងប្រភេទ ARN messager ពិតជាមានប្រសិទ្ធភាពខ្ពស់ ហើយជាងនេះទៀត គឺមានប្រសិទ្ធភាពល្អ ទល់នឹងកូវីដ១៩ទំរង់បំប្លែងខ្លួនថ្មី។ យ៉ាងណាមិញ សហភាពអឺរ៉ុប ទើបតែបានប្រកាស ថាគេបានចុះកិច្ចសន្យាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ Pfizer/BioNTech ចំនួន១៨០០លានដូសទៀត។
មតិយោបល់