ព័ត៌មានជាតិ

រថយន្ត​សណ្តោង​កុងតឺន័រ​ បួងចង្កូតជ្រុលទៅប៉ះរថយន្តអូឌី​ Q7 ​បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌចំការមន

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត​សណ្តោង​កុង​តឺន័រ​មួយគ្រឿង​ បានជ្រុលចង្កូត​ទៅ​កៀរ​រថយន្ត​ម៉ាក​ អូឌី​ Q7 ​បណ្តាលឲ្យរងការខូចខាត​ ​​សំណាងល្អមិនមានអ្នករងរបួសនោះទេ​។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង​៧ និង​៣២នាទី​យប់​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៩ នៅជិត​ផ្ទះ​ ឧកញ្ញា​ ថៃ​ប៉ុន​រ៉ុង​ ផ្លូវព្រះ​មុនីរ៉េត​ កែងនិង​ផ្លូវ​៤៣០​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចម្ការមន​។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញ​ រថយន្ត​ម៉ាក​ អូឌី​ Q7 ស៊េរីឆ្នាំ​២០១១​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AI 0787 បើកដោយ​បុរសម្នាក់ ​រួម​ដំណើរ​ជាមួយ​​នារី​ម្នាក់​ ធ្វើដំណើរ​ពី​លិចទៅកើតតាម​ផ្លូវ​មុនីរ៉េត​ នៅពេលនោះ ក៏​រថយន្ត​សណ្តោង​កុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C 3152 បើកដោយបុរសម្នាក់ ​ធ្វើ​ដំណើរ​ស្របទិសគ្នា។​ មកដល់​ចំណុចកើតហេតុ​ រថយន្ត​សណ្តោង​កុងតឺន័រ​ បាន​បួង​ចង្កូត​បត់​ស្តាំ​ ខ្វះ​ការប្រុង​ប្រយត្ន័​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​កៀរ​រថយន្ត​ ម៉ាក​អូឌី​ Q7 រងការខូចខាត​ បាក់​កញ្ចក់​មើល​ក្រោយ​ ​និងកៀប​ជាប់​និង​រថយន្ត​កុងតឺន័រ​តែម្តង​។

​ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ចបានចុះ​ទៅ​កន្លែង​កើតហេតុ​ រួច​ឲ្យភាគី​ទាំង​សង​ខាង ធ្វើ​ការ​សម្រប​សម្រួលគ្នា​ ដោយខាង​រថយន្ត​ កុងតឺន័រ​សុខចិត្ត​ យក​រថយន្ត​ អូឌី​ ទៅជួសជុល ដើម្បី​បញ្ចប់រឿង​៕

មតិយោបល់