ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិនីហ្ស៊េរីយ៉ាម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីឆបោក លុយតាមបណ្ដាញសង្គមបច្ចេកវិទ្យា (ហ្វេសប៊ុក)។
ជនជាប់ចោទទី១ ឈ្មោះ UCHEUHUKWU VINCENT IKENNA ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអ្នកទេសចរ។ ទី២ឈ្មោះ សារី សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ និងជនជាប់ចោទចំនួន៤នាក់ដែលកំពុងរត់គេចខ្លះ ត្រូវបានលោកស្រី កែវ សុគន្ធា តំណាងអយ្យការចោទប្រកាន់ពីបទ ឆបោក តាមបណ្ដាញសង្គមបច្ចេកវិទ្យា ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១១០ស្ទួន ផ្លូវលេខ១៣BT ក្រុមទី៣ ភូមិ សន្សំកុសល៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ UCHEUHUKWU VINCENT IKENNA បានបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើឆបោកដូចការចោទប្រកាន់នោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ហើយបានស្គាល់ឈ្មោះ ICHINOBI (កំពុងរត់គេចខ្លួន)។ ឈ្មោះ ICHINOBI បានហៅខ្លួនឲ្យទៅនៅបន្ទប់ជួលក្បែរគ្នា។ ជនជាប់ចោទបានឆ្លើយថា ខ្លួនមកប្រទេសកម្ពុជាគឺដើម្បីមករកទិញសម្លៀកបំពាក់ផ្ញើទៅឲ្យប្រពន្ធលក់នៅប្រទេសអាហ្វ្រិច។ ចំណែករឿង ឈ្មោះ ICHINOBI និងសង្សារឈ្មោះ សារី សុគន្ធា នាំគ្នាប្រើប្រាស់បច្ចេកវិទ្យា (ហ្វេសប៊ុក) ដើម្បីឆបោកលុយគេនោះខ្លួនមិនបានដឹងទេ។
ជនជាប់ចោទឈ្មោះ សារី សុគន្ធា បានឆ្លើយថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងឆបោកនេះ។ នៅថ្ងៃកើតហេតុម្តាយមីងឈ្មោះ រស្មី (មានសង្សារជាបរទេសស្បែកខ្មៅ និងកំពុងរត់គេចខ្លួន) បានប្រើឲ្យជួយជូនជនជាតិស្បែកខ្មៅឈ្មោះ ICHINOBI ទៅបើកលុយនៅ វីង។ នៅពេលទៅដកលុយ គឺដកមិនបានទេ រួចក៏ខលទៅជនរងគ្រោះ ថាដកមិនបានទេ ស្រាប់តែពេលនោះមានសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។ ជនជាប់ចោទបានសារភាពថា ខ្លួនបានជួយដកលុយឈ្មោះ ICHINOBI ច្រើនលើកមកហើយ។
គួររំឭកថា ជនជាប់ចោទទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១១០ស្ទួន ផ្លូវលេខ១៣បេតេ ក្រុមទី៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានដកហូត កុំព្យូទ័រយួរដៃចំនួន៤ គ្រឿង ដុំម៉ូឌឹមមិត្តហ្វូន២ គ្រឿង ដុំ T P link ១ គ្រឿង ,ទូរសព្ទដៃ ចំនួន ១គ្រឿង លុយចំនួន ១៤០ ដុល្លារ លុយនីហ្សេរីយ៉ា ចំនួន ៩០០ និងឯកសារមួយចំនួនទៀត។
សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ៕




https://youtu.be/PAhN3sKEOHE
មតិយោបល់