សមយុទ្ធ ដែលប្រព្រឹត្តទៅ នៅកោះ Kyushu នៅភាគខាងលិចប្រទេសជប៉ុន នឹងផ្តោតទៅលើលំហាត់សឹកជើងគោក ជើងទឹក និងជើងអាកាស។ តាមអ្នកទទួលខុសត្រូវរបស់កងទ័ពជើងទឹកបារាំង នៅក្នុង សមយុទ្ធ ជើងទឹក ដែលត្រូវចាប់ផ្តើម នៅថ្ងៃសុក្រ នឹងមាននាវាមុជទឹកមួយគ្រឿងរបស់ជប៉ុន នាវាចម្បាំង១០គ្រឿង ដែលមាន៦គ្រឿងជារបស់ជប៉ុន មួយគ្រឿងរបស់អាមេរិក មួយគ្រឿងរបស់អូស្ត្រាលី និងពីរគ្រឿង របស់បារាំង ដែលនៅក្នុងនោះ ១គ្រឿង ជានាវាដឹកឧទ្ធម្ភាគចក្រ។ ក្រៅតែពីមានយន្តហោះចម្បាំង យន្តហោះល្បាតរបស់អាមេរិក និងជប៉ុន សមយុទ្ធនៅលើដីគោក នឹងមានការចូលរួមពីទាហានសរុប ៣០០នាក់ ដែលនៅក្នុងនោះ ៦០នាក់ ជាទាហានបារាំង។

ប្រធានបទសំខាន់នៃសមយុទ្ធផ្តោតទៅលើវិធីសាស្រ្តនាវាចរណ៍ ការប្រយុទ្ធប្រឆាំងកប៉ាល់យន្តហោះ និង នាវាមុជទឹករបស់សត្រូវ។ តាមមន្រ្តីយោធាបារាំង សមយុទ្ធជើងគោក ដែលផ្តោតទៅលើការប្រយុទ្ធ ធ្វើសង្រ្គាមនៅទីក្រុងនឹងធ្វើឡើង ក្នុងក្របខ័ណ្ឌ រឹតត្បិតបំផុត ដើម្បី សម្របតាម វិធានការ សុខភាព ក្នុងកាលៈទេសៈកូវីដ។

សម្រាប់ប្រធានវិទ្យាស្ថាន World Studies នៅសកលវិទ្យាល័យ Takushoku នៅទីក្រុងតូក្យូ លំហាត់សឹករៀបចំដោយជប៉ុនលើកនេះ មានទម្រង់ ជាការប្រឆាំងវាយបកនៅចំពោះមុខ ចរិតឈ្លានពាន របស់ចិន នៅក្នុងតំបន់។

នៅក្នុងជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីអាមេរិក កាលពីខែមេសា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បាននិយាយថា តូក្យូ និងវ៉ាស៊ីនតោន ប្រឆាំងដាច់ខាតនឹងការប៉ុនប៉ងរបស់ចិន ដែលចង់ផ្លាស់ប្តូរលក្ខន្តិកៈដើម តាមរយៈ ការប្រើកម្លាំង ឬបំភិតបំភ័យ ប្រទេសដទៃ នៅសមុទ្រចិនខាងត្បូង និងខាងកើត។ ទីក្រុងប៉េកាំងវិញ បានវាយបក និងរិះគន់ការប៉ុនប៉ងលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដូចជាសំណុំរឿងតៃវ៉ាន់ និងការញុះញង់ បំបែកបំបាក់ នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក៕
មតិយោបល់