ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនវៀតធេល (ខេមបូឌា) បានដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីជំរុញការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំយុវជន និងក្រុមហ៊ុន វៀតធេល ខេមបូឌា បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងវិស័យអប់រំ ដើម្បីរៀបចំ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត សម្រាប់ក្រសួងអប់រំ យុវជននិងកីឡា ដែលជាផ្នែកមួយក្នុងការលើកស្ទួយការអប់រំតាមប្រឌីជីថលនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងអប់រំ បន្ដថា កិច្ចសហការនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពអប់រំនៅប្រទេសកម្ពុជាឲ្យបានគ្រប់កម្រិត ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយផ្ដោតសំខាន់លើការដាក់ពង្រាយប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សា សាធារណៈ និងការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យសាលារៀន តាមសាលារៀនគោលដៅមួយចំនួន។
«ក្រសួងអប់រំយុវជន និងកីឡា នឹងក្រុមហ៊ុនវៀតធេល ខេមបូឌា បានចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ក្នុងវិស័យអប់រំ ដើម្បីជំរុញការអប់រំឌីជីថលនៅកម្ពុជា ដោយផ្ដោតទៅលើការ ដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿនជូនដល់គ្រឹះស្ថានសិក្សាសាធារណៈនិងការដាក់ឲ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ព័ត៌មាននៅតាមសាលារៀនគោលដៅចំនួន ១៥០។ ក្រសួងអប់រំ យុវជន និងកីឡា ពង្រីកវិសាលភាពគម្រោងជាជំហានៗតាមលទ្ធភាព និង តាមពេលវេលាដែលសមស្រប»។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក ពិភាក្សាស្តីពី ការអនុវត្តន៍គម្រោងជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា)ដល់ មន្ទីរអប់រំទាំង ២៥រាជធានី/ខេត្ត និងតំណាងក្រុមហ៊ុន មិត្តហ្វូន ស្ដីពីការ អនុវត្តន៍គម្រោងនៃការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងតាមសាលារៀន៕
មតិយោបល់