ព័ត៌មានជាតិ

ឯកឧត្តម វ៉ាត់ ចំរើន៖ បាន​ប្រកាស​សម្រេច​យកទីតាំង៥ធំៗ នឹងរៀបចំធ្វើ​កន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រកាស​សម្រេច​យកទីតាំង៥ធំៗ រៀបចំធ្វើ​កន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អគ្គលេខាធិការរូបនេះ ការកំណត់ទីលានប្រកួតត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃ CAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។

  • ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់
  • ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង
  • ខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។

ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ជា​ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នេះគ្រាន់​តែ​ជា​កិច្ច​ប្រជុំ​គណៈ​អចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះឡើយ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើម រហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត ។

ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ាត់ ចំរើន បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រយ៍ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ គណៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២គឺ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា៤០ប្រភេទត្រូវកំណត់ទីតាំង និង ទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេមឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ប្រភព៖ Sabay

 

មតិយោបល់