ព័ត៌មានជាតិ

ប្រទេស​ថៃ៖ អ្នក​ទោស​រាប់ពាន់​នាក់​ ​ភាគ​ច្រើន​​ជា​សកម្មជននៃ​​ចលនា​ប្រជាធិបតេយ្យង បាន​ឆ្លង​​ជំងឺ​កូវីដ​១៩

តាំង​ពី​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ រាជាណាចក្រ​ថៃកំពុង​រង​រលក​រាតត្បាត​កូវីដ​១៩​ជា​ថ្មី ដោយ​រាប់​ឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ ជិត ៩៥០០០ករណី និង​មាន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥១៨​នាក់។ នៅ​ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូវីដ​ទាំងអស់​នោះ ២៨៣៥នាក់ ជា​អ្នក​ទោស​ជាប់​ក្នុង​ពន្ធនាគារ​​ពីរ ដែល​ធំៗ​ជាង​គេនៅ ទីក្រុង​បាងកក។ នេះ​បើ​តាមការ​អះអាង​របស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​រាតត្បា​ត​កូវីដ​១៩ ដោយ​បញ្ជាក់ថា​បាន​ធ្វើ​តេស្តកូវីដ​​លើ​គ្រប់​អ្នកទោស​ទាំង​អស់។ តើ​ធ្វើ​តេស្ត​កាលពីពេល​ណា​ ? ពុំ​មានការ​លម្អិត​ទេ​ត្រង់​ចំណុច​នេះ។

អាជ្ញាធរ​ថៃ​បាន​បង្ហាញតួលេខ​នៃ​ចំនួន​អ្នក​ទោស​ឆ្លង​កូវីដ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​ឧសភា បន្ទាប់​ពី​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ ដែល​បាន​ដឹកនាំធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​និង​ទាមទារ​ធ្វើ​កំណែទម្រង់រ​បប​រាជនិយម​ថៃ អស់​ជិត​ពេញ​មួយឆ្នាំ ទាញ​សញ្ញា​អាសន្ន​ស្តី​ពីការ​ឆ្លង​កូវីដ​១៩​ក្នុង​ពន្ធនាគារ។

កាលពី​ថ្ងៃពុធ ទី ១២​ឧសភា Panusaya Sithijirawattanakul ហៅរ៉ុង បាន​ប្រកាសផ្សព្វផ្សាយ​តាមប្រព័ន្ធ​សង្គមថា​​​​​វិជ្ជមានកូវីដ​ នៅ​៥​ថ្ងៃ​ក្រោយ​ពី​បាន​ទទួល​ការ​ដោះលែងចេញពី​ពន្ធនាគារដោយ​មាន​លក្ខខណ្ឌ កាលពី​ដើម​ខែឧសភា។ មេដឹកនាំ​ចលនា​ម្នាក់​ទៀត ឈ្មោះ Panupong Jadnok ហៅ ម៉ាឃ ក៏​វិជ្ជមានកូវីដ​១៩​ដែរ។ ហើយ​ពេ​ល​នេះមេធាវី​កំពុង​ដាក់​សំណើ​សុំ​ឱ្យនៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

 

មតិយោបល់