ភ្នំពេញៈ លោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសវនាការកាត់ទោស បុរសជនជាតិ ប៊ែលស៊ិកម្នាក់ ពាក់ព័ន្ធ សំណុំរឿង ដឹកគ្រឿងញៀន ចូលមកកម្ពុជា ជាង ១គីឡូក្រាម។
លោក ស្រី ម៉ាកនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ CATRY DAVID NOEL ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ប៊ែលស៊ិក ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកមរា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងសវនាការជនជាប់ចោទ បានសារភាពថា រូបគេបានស្គាល់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ តាំង ហ្គី បានជិត២ឆ្នាំ។
ក្រោយមកឈ្មោះ តាំង ហ្គី បានឲ្យរូបគេទៅយកគ្រឿងញៀន ពីប្រទេសប្រេស៊ីល មកលក់នៅកម្ពុជា ដោយឲ្យតម្លៃឈ្នួល ៣ម៉ឺនដុល្លារ។
ក្រោយពីជនជាប់ចោទទៅយកគ្រឿងញៀនពីប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងបាងកក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងឃាត់ខ្លួនបានតែម្តង។
នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតគ្រឿងញៀនម្សៅ បរភេទ កាកូអ៊ីន ចំនួន ១០០៣.២៤ ក្រាម (ជាង១គីឡូ) ដែលរក្សាទុកនៅក្នុង វ៉ាលីខោអាវ។
ទោះយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់