ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ កោតសរសើរដល់កងកម្លាំងដែលបានបំពេញបេសកកម្មប្រកបដោយភាពអត់ធ្មត់ ដើម្បីការពារតំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុកន្លងមក

(ព្រះសីហនុ): ឯកឧត្តម គួច ចម្រើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ ៣១ ដែលបានតស៊ូស្វិតស្វាញពុះពារការលំបាក ដើម្បីអនុវត្តបទបញ្ជាថ្នាក់លើឲ្យសម្រេចបានជោគជ័យ ក្នុងបេសកកម្មបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុនាពេលកន្លងមកនេះ។
ការលើកឡើងនេះបានធ្វើឡើងក្នុងគ្រាដែល ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញ ចុះសំណេះសំណាលជាមួយកងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលត្រូវបាន ទទួលបទបញ្ជាអនុញ្ញាតឲ្យវិលចូលអង្គភាពវិញនៅ ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ នេះ។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឧត្តមសេនីយ៍ ទោ សុខ សាកល មេបញ្ជាការរង យោធភូមិភាគទី៣ ទទួលទិសខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១។
សូមជម្រាបជូនថា កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការការពារ តំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំង ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយត្រូវបានទទួលបទបញ្ជាអនុញ្ញាតឲ្យវិលចូលអង្គភាពវិញនៅ ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នេះ ។ ប៉ុន្តែដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅតែបន្តឈរជើងក្នុងភូមិសាស្រ្តដដែល៕

មតិយោបល់