ព័ត៌មានជាតិ

ណែមស្រស់ ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់និងទឹកក្រូចហួសកាលបរិច្ឆេទ ត្រូវបានរកឃើញនៅផ្សារបារាយណ៍ ក្នុងខេត្តកំពង់ធំ

កំពង់ធំៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផល និងម្ហូបអាហារ នៅផ្សារបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

  • ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
  • ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ០៤គីឡូក្រាម
  • ណែមស្រស់ មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ០៣គីឡូក្រាម
  • ទឹកក្រូច ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៧ដប។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់